នៅថ្ងៃទី៨ មេសា សមត្ថកិច្ចចម្រុះខេត្តក្រចេះដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ ៥ខ្នង នៅចំណុចអូរសំពុង ភូមិប្រឡាយទ្រៀល ឃុំដំរីផុង ស្រុកឆ្លូង បន្ទាប់ពីឈូសឆាយដីដំណាំកាលពីម្សិលមិញ ដោយធ្វើយ៉ាងណាឲ្យពលរដ្ឋ៣១គ្រួសារចេញពីទីតាំងនេះ។
ការបើកប្រតិបត្តិការក្ដៅ ដែលមានសមត្ថកិច្ចចម្រុះរាប់សិបនាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចាប់ផ្ដើមដុតផ្ទះពលរដ្ឋអស់៤ខ្នង ក្នុងចំណោមផ្ទះ៣១ខ្នងនេះហើយ បន្ទាប់ពីអាជ្ញាធរបានផ្ដល់សលាកបត្រកាន់កាប់ដីស្របច្បាប់ដល់ក្រុមពលរដ្ឋ ៧២គ្រួសារ មកពីខេត្តត្បូងឃ្មុំ មកស្នាក់នៅទីតាំងដីកំពុងមានទំនាស់នេះ។
ក្រុមពលរដ្ឋទាំង៣១គ្រួសារនោះ អះអាងថា ខ្លួនចូលមករស់នៅលើដីទំហំ ១៦៨ហិកតារ នៅចំណុចដីមានទំនាស់នេះ តាំងពីឆ្នាំ២០១២មក។ តែអាជ្ញាធរខេត្តផ្ដល់ដីទាំងនោះជូនពលរដ្ឋ៧២គ្រួសារ មកពីខេត្តត្បូងឃ្មុំ នៅឆ្នាំ២០១៤។
