Tuesday, April 7, 2015

Filled Under:

ស្នាម​ទឹកប្រេះ​ គឺជា​បាតុភូត​ដ៏កម្រ​នៅ​​សមុទ្រខ្សាច់​​លីប៊ី



ក្រុងទ្រីប៉ូលី: សមុទ្រខ្សាច់​យូបារី​ គឺជា​វាល​លំហ​ពណ៌​លឿង​ល្អូក​ដ៏ធំ​ល្វឹងល្វើយ​នៅ​តំបន់​ហ្វេកហ្សាន​ភាគ​ខាង​ ត្បូង​​​លីប៊ី​។ ប៉ុន្ដែ ២០ ​ម៉ឺន​ឆ្នាំ​មុន ទី​នេះ​ជា​​​តំបន់​សើម មាន​​​ជីវជាតិ​​រុក្ខជាតិ​​តូច​ធំ​ និង​​​ទន្លេ​​​ច្រើន។
ទន្លេ​ទាំងនោះ​ជា​ប្រភព​ទឹក​ដ៏ច្រើន​សន្ធឹក​សម្រាប់​ផ្គត់ផ្គង់​បឹង​ធំ​ មួយ ​ទំហំ​ប៉ុន​សាធារណរដ្ឋ​ឆែក​ ក្នុង​​​តំបន់​​ហ្វេកហ្សាន ឈ្មោះ​ថា ម៉េហ្គាហ្វេកហ្សាន​។ អំឡុង​រដូវ​ភ្លៀង​ បឹង​នេះ​ពង្រីក​មាឌ​រហូត​ដល់ ១២ ​ម៉ឺន​គីឡូម៉ែត្រការ៉េ​។
សីតុណ្ហភាព​បាន​ចាប់ផ្ដើម​​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បាន​បង្ក​ឲ្យ​តំបន់​សម្បូរ​ព្រៃ​ឈើ​នេះ ជា​ផ្នែក​មួយ​នៃ​តំបន់​សាហារ៉ា​ កាន់តែ​ស្ងួត​ហួតហែង ហើយ​ចន្លោះ​ពី ៣ ​ពាន់ ទៅ​ ៥ ​ពាន់​ឆ្នាំ​មុន បឹង​ដ៏សម្បើម​នេះ​​ក្លាយ​ទៅ​ជា​​ទំនាប​បែក​ក្រហែង​​។ ​​
ស្លាកស្នាម​បឹង​​​​​ត្រូវ​បាន​មើល​​ឃើញ​រហូត​ដល់​សព្វថ្ងៃ​ ដែល​សល់​​សណ្ឋាន​បឹង​តូចៗ​រប៉ាត់រប៉ាយ​នៅ​សមុទ្រ​​ខ្សាច់​ ដូចជា​ស្នាម​ទឹកប្រេះ​ក្នុង​វាលខ្សាច់។
បច្ចុប្បន្ន​ មាន​បឹង​ប្រមាណ​ ២០ ​កន្លែង​ស្ថិត​នៅលើ​សមុទ្រខ្សាច់​ យូបារី រំលេច​ជា​ទិដ្ឋភាព​​អូអាស៊ីល (កន្លែង​មាន​រុក្ខជាតិ និង​ទឹក​លើ​សមុទ្រខ្សាច់​) រាង​ដូច​ធាង​ដូង​​​ ដែល​​មើល​ទៅ​មិន​សម​នឹង​បរិស្ថាន​វាលខ្សាច់​​ដ៏ក្ដៅ​ចែស​នោះ​ទេ​។
ក្នុង​ចំណោម​ទស្សនីយភាព​​ដ៏ស្រស់ត្រកាល​បំផុត​ ​​បឹងហ្គាប៊ើរ៉ោន និង អ៊ឺម អាល់ម៉ា (មាតា​ទឹក​) ​ជា​បាតុភូត​ធម្មជាតិ​ដ៏អស្ចារ្យ​​​។ នៅ​ក្បែរ​ភូមិ​រហោស្ថាន បឹង​ហ្គាប៊ើរ៉ោន ​ជា​តំបន់​ទេសចរណ៍​ដ៏ទាក់ទាញ​បំផុត​មួយ​។ មាន​ជំរំ​ស្នាក់នៅ កន្លែង​សំដិល​ថ្ងៃ​​ ខ្ទម​ស្នាក់​ និង​ហាង​លក់​​វត្ថុអនុស្សាវរីយ៍​​​។
​បឹង​​ស្អាត​ ២ ​ទៀត​​​ អ៊ឺម​ អាល់ហ៊ីសាន (​មាតាសេះ)​ ​នៅ​ភាគ​​ខាង​ជិត​បឹង​​ហ្គាប៊ើរ៉ោន ហើយ​បឹង​មួយ​ទៀត​នៅ​តាហោណា ចម្ងាយ​ប្រមាណ​ ១១ ​គីឡូម៉ែត្រ​ពី អ៊ឺម អាល់ហ៊ីសាន។ ប៉ុន្ដែ​​ពួកគេ​​មិន​ជា​ទី​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវទេសចរ​ឡើយ​។
ទឹក​បឹង​យូបារី មាន​រសជាតិ​ប្រៃ​ខ្លាំង​ណាស់​ ដោយសារ​វា​រង​នូវ​កម្ដៅ​​ខ្លាំង​ជានិច្ច​ និង​គ្មាន​ទឹកទន្លេ​​​​ហូរ​​ផ្លាស់ប្ដូរ​ទេ​​។ ​វា​មាន​​រសជាតិ​ប្រៃ​ជាង​ទឹកសមុទ្រ ៥ ​ដង​។ ថ្វីដ្បិត​​ប្រជុំ​បឹង​យូបារី​មាន​ជម្រៅ​ពី ៧ ទៅ​ ៣២ ​ម៉ែត្រ ពួក​​វា​នៅ​តែ​ប្រឈម​ហានិភ័យ​រីង​ហួត​ដដែល៕ HR