មន្រ្តីតុលាការសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់ឱ្យដឹងថា លោកស្រី តាំង គីមឆេង ភរិយាលោកឧកញ៉ា អ៉ឹង ម៉េងជឺ បាននិយាយប្រាប់តុលាការថា លោកឧកញ៉ា អ៉ឹង ម៉េងជឺ បានធ្លាប់មានទំនាស់ពាក្យសម្តីយ៉ាងខ្លាំងក្លា ជាមួយនឹងឧកញ៉ាម្នាក់ មុនពេលករណីបាញ់ប្រហារសម្លាប់ប្តីរបស់លោកស្រី (ឧកញ៉ា អ៉ឹង ម៉េងជឺ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
មន្រ្តីតុលាការរូបនោះបានបន្តបញ្ជាក់ថា ការទម្លាយប្រាប់ពីសំណាក់ភរិយាលោកឧកញ៉ា អ៉ឹង ម៉េងជឺ នេះបានធ្វើឡើង ខណៈពេលសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញលោកស្រី តាំង គីមឆេង ភរិយារបស់លោកឧកញ៉ា អ៉ឹង ម៉េងជឺ និងមេធាវី មកសាកសួរព័ត៌មានជាថ្មីម្តងទៀត នៅវេលាម៉ោងប្រមាណ១៤៖០០នាទីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ។
ប្រភពពីមន្រ្តីតុលាការដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់តាមចម្លើយរបស់ លោកស្រី តាំង គឹមឆេងថា ទំនាស់ពាក្យសម្តីនេះបានធ្វើឡើង ក្រោយពេលដែលឧកញ៉ាម្នាក់នោះ បានចេញសែកស្អុយជាបន្តបន្ទាប់ ដែលមានទឹកប្រាក់សរុបរហូតដល់ជិត ៥លានដុល្លារ មកឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា អ៉ឹង ម៉េងជឺ។
សូមជំរាបថា ឧកញ៉ា អ៉ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ និងហាងលក់មាស-ពេជ្រហុងកុង ត្រូវបានឃាតករបាញ់សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅជិតហាងលក់ផ្លែឈើមួយកន្លែង ក្បែរស្ដាតអូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕