Monday, April 6, 2015

Filled Under: , , ,

​អាជ្ញាធរ​ជាតិ​អប្សរា​រក​ឃើញ​ទីក្រុង​បុរាណ ​និង​ប្រព័ន្ធ​ផ្លូវថ្នល់​សម័យអង្គរ​​

 
អាជ្ញាធរ​ជាតិ​អប្សរានៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានដាក់​បង្ហាញ​រូបភាព​ទីក្រុង​បុរាណ​ចំនួន​បី គឺ​ក្រុង​អង្គរ ភ្នំ​គូ​លេន និង​ប្រាសាទ​កោះ​កេរិ៍ ដែល​ស្ថាប័នេះ​អះអាងថា ខ្លួន​បាន​ប្រើ​ប្រព័ន្ធ​កាំរស្មី ឡាយ​ដា LiDAR ថត​យក​រូបភាព​ទីក្រុង​ទាំងនេះ​នៅ​ឆ្នាំ​២០១២ ​។​
​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​លោក តាន់ ប៊ុន​ស៊ុយ បាន​ផ្ដល់​បទសម្ភាសន៍​ក្រោយពី​ធ្វើ​បទ​បង្ហាញ​នោះថា អ្នក​បច្ចេកវិទ្យា​បាន​រកឃើញ​រូបភាព​ទីក្រុង​បុរាណ​ដ៏​អស្ចារ្យ នៅ​តំបន់​អង្គរ ប្រព័ន្ធធារាសាស្ដ្រ ផ្លូវថ្នល់ នៅ​តំបន់​ភ្នំ​គូ​លេន និង​ដី​កសិកម្ម​បុរាណ ជាច្រើន​ទៀត​នៅ​ប្រាសាទ​កោះ​កេរិ៍ តាម​បច្ចេកវិទ្យា​ទំនើប កាំរស្មី LiDAR​ ។ លោក​បន្ដថា ការរកឃើញ​រូបភាព​ទាំង​នោះ​ក្នុង​រយៈពេល​៣​ឆ្នាំ និង​បាន​ចំណាយ​ថវិកា​៧​សែន​៥​ម៉ឺន​ដុល្លារ​ ។​
បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរាឲ្យដឹងថា ខ្លួន​នឹង​សហការ​ជាមួយស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​អន្ដរជាតិ ពង្រីក​វិសាលភាព LiDAR ទៅ​តំបន់​ប្រាសាទ​សំខាន់ៗ ចំនួន​៤​កន្លែង​ផ្សេង​ទៀត ដើម្បី​ស្រាវជ្រាវ​ថត​យក​រូបភាព​ពី​សម័យ​បុរាណ រួមមាន​តំបន់​លង្វែក ឧដុង្គ ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​សម្បូរ​ព្រៃ​គុប ខេត្ដ​កំពង់ធំ និង​ប្រាសាទបន្ទាយឆ្មារ ខេត្ដ​បន្ទាយមានជ័យ ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០ ដោយ​ចំណា​យថវិកា​ប្រមាណ​៣​លាន​៥​សែន​យ៉ូ​រ៉ូ ៕

VOD