
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យតែងតាំងលោកស ខេង និងលោកសាយ ឈុំ ដោយដំឡើងងារជាសម្ដេច ព្រះរាជក្រឹត្យត្រូវបានឡាយព្រះហស្ថលេខានៅថ្ងៃទី១៤ ខែមិថុនា។ក្នុងព្រះរាជក្រឹត្យ ដែលគេផ្សព្វផ្សាយ នៅព្រឹកថ្ងៃអាទិត្យ ទី១៤មិថុនា ព្រះមហាក្សត្រ បានសម្រេចព្រះរាជទានគោរមងារលោក សាយ ឈុំ ជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ។
រីឯព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រ បានសម្រេចព្រះរាជទានគោរមងារ លោកស ខេង ជាសម្តេចក្រឡាហោម ស ខេង។
ក្នុងព្រះរាជក្រឹត្យទាំងពីរដាច់ដោយឡែកពីគ្នានោះ ព្រះមហាក្សត្រ បានលើកឡើងថា លោកស ខេង និងលោកសាយ ឈុំ ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ បានជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សំរាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថេរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចហ៊ុន សែន។
នៅក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ថា ការតែងតាំងលោកស ខេង និងលោកសាយ ឈុំ ជាសម្ដេចនេះ ព្រោះលោកជាថ្នាក់ដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជក្រឹត្យ តែងតាំងលោកស ខេង និងលោកសាយ ឈុំ ជាសម្តេចនេះ បានធ្វើឡើងបន្ទាប់ពីមរណភាពសម្តេចជា ស៊ីម កាលពីថ្ងៃទី៨មិថុនា។ នៅថ្ងៃទី២០មិថុនា គណបក្សប្រជាជនកម្ពុជា នឹងជួបជុំ បោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានគណបក្ស។ ក្នុងនោះ សម្តេចហ៊ុន សែន ជាបេក្ខភាពតែម្នាក់គត់ សម្រាប់តំណែងប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសសម្តេចជាស៊ីម៕
(ដោយ ថាន រស្មី ) វាយោ fm