ក្រុមហ៊ុន Apple បានដាក់សំណើរ ស្នើសុំ ប៉ាតង់កម្មសិទ្ធបញ្ញា ទាក់ទងនឹង ការបំពាក់ មុខងារស្កែនក្រយៅដៃ TouchID នៅលើ តេឡេបញ្ជារ ទូរទស្សន៍ និងឧបករណ៍កំសាន្ត ក្នុងគេហដ្ឋាន។ សំណើរនេះ ត្រូវបាន ដាក់ជូន ក្រសួងគ្រប់គ្រង ប៉ាតង់ និងផ្លាកសញ្ញា អាមេរិក តាំងពី ខែ មករា ឆ្នាំ 2014 មកម៉្លេះ ហើយទើបតែ រកឃើញដោយ PatentlyApple។
នៅក្នុងសំណើរ Apple បានពន្យល់ថា ឧបករណ៍អេឡិចត្រូនិក ក្នុងផ្ទះ ច្រើនតំរូវអោយ អ្នកប្រើប្រាស់ វាយលេខ ដើម្បីប្រើការ ដូចជា ចង់ផ្លាស់ប្តូរ ប៉ុស្តិ៍គិតលុយឌីជីថលធីវី នោះគេ ត្រូវវាយលេខកូដ, ចង់ផ្លាស់ប្តូរ កំរិតសីតុណ្ហភាព គេ ត្រូវវាយលេខ លើប៊ូតុង ហើយបើចង់ បើកបិទ ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ គេ ត្រូវលេខកូដសំងាត់ ជាដើម។ ដើម្បីគ្រប់គ្រង ថាតើ អ្នកណាខ្លះ មានសិទ្ធិ ធ្វើការផ្លាស់ប្តូរ ការកំណត់ទាំងនេះ មុខងារស្កែនក្រយៅដៃ Touch ID នឹងត្រូវបានគេប្រើ ដើម្បីងាយស្រួល បែងចែកសិទ្ធិ។
ការលេចចេញព័ត៌មាន ប៉ាតង់ស្កែនក្រយៅដៃលើ តេឡេបញ្ជារនេះ គឺជា រឿងមួយគួរអោយចាប់អារម្មណ៍ ពីព្រោះ ក្រុមហ៊ុនេះ ត្រូវបាន គេលេចលឺថា កំពុងតែ តេស្តសាកល្បង ទូរទស្សន៍ឆ្លាតវ៉ៃ Apple TV៕