Saturday, July 11, 2015

Filled Under: , , , ,

ហេតុអ្វី​ទី​ម័​រ​ខាងកើត​មិនទាន់មានលក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន?

ទី​ម័​រ​ខាងកើត​ត្រូវបាន​គេ​ស្គាល់​ជា​រដ្ឋ​មួយ​ដែល​ទទួលរង​ការកៀបសង្កត់​ពី​ពួក​អាណានិគម​ខ្លាំងជាងគេ​និង​យូរ​ជាងគេ​នៅក្នុង​តំបន់។ក្នុងនោះ​យើង​ឃើញថា​រដ្ឋ​នេះ​ដំបូង​ឡើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប៉រ​ទុយ​ហ្គា​ល់ និង​ហូ​ឡង់​នៅ​សតវត្ស​ន៍ទី១៦ហើយ​បានបញ្ចប់​នូវ​អាណានិគម​ក្នុង​ឆ្នាំ១៩៧៥។

ស្របពេល​ដែល​ទី​ម័​រ​ខាងកើត ប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​ហូ​ឡង់​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេសជិតខាង​ដែលមាន​អំណាច​នៅក្នុង​តំបន់​បាន​ឆ្លៀតឱកាស​នេះ​ចូល​ឈ្លានពាន​និង​ដាក់​អាណានិគម​ទៅលើ​ទី​ម័​រ​ខាងកើត​ម្តងទៀត។ក្រោម​ការ​គ្រប់​គ្រ​របស់​ឥណ្ឌូនេស៊ី​អស់​រយៈពេល​ប្រហែល២៥ឆ្នាំ​ប្រជាជន​ទី​ម័​រ​ខាងកើត​បានទទួល​រង​ការ​ធ្វើទុក្ខបុកម្នេញ​និង​កៀបសង្កត់​ខ្លាំង​បំផុត។ដោយ​មិនអាច​ទ្រាំទ្រ​ជាមួយ​ការកៀបសង្កត់​នេះ​បាន​ប្រជាជន​ទី​ម័​រ​ខាងកើត​បាន​បង្កើត​ចលនា​ប្រឆាំង​រហូត​ឈានដល់​ការធ្វើប្រជាមតិ​ផ្តាច់ខ្លួន​ពី​ឥណ្ឌូនេស៊ី​នៅក្នុង​ឆ្នាំ១៩៩៩ ។ទោះបី​ជាទី​ម័​រ​ខាងកើត​បាន​ផ្តាច់ខ្លួន​ចេញ​ឥណ្ឌូនេស៊ី​យ៉ាង​ក៏ដោយ​រដ្ឋ​ដ៏​ទន់ខ្សោយ​មួយ​នេះ​មិនទាន់​ទទួលបាន​ឯករាជ្យ​ពេញលេញ​នោះទេ​ពោលគឺ​ឯករាជ្យ​ពេញលេញ​ទើបតែ​បាន​ក្រោយពី​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ២០០២។

ងាក​មក​ចាប់អារម្មណ៍​ទី​ម័​រ​ខាងកើត​ជាមួយនឹង​អាស៊ាន​វិញ​មកទល់ពេលនេះ​ទី​ម័​រ​ខាងកើត​មិនទាន់​ត្រូវបាន​អាស៊ាន​ផ្តល់​សមាជិកភាព​នៅឡើយ​នោះទេ។យ៉ាងណាក៏ដោយ​តាម​ការបញ្ជាក់​របស់​មេ​ដឹកនាំ​ទី​ម័​រ​ខាងកើត​នៅ​ឆ្នាំ២០១៥នេះ​ប្រទេស​ខ្លួន​នឹង​ស្នើរ​មេដឹកនាំ​អាស៊ាន​សារជាថ្មី​ម្តងទៀត។ជុំវិញ​បញ្ហា​នេះ​ដើម្បី​យល់ដឹង​ពី​លទ្ធភាព​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន​យើង​ក្រឡេកមើល​កត្តា​មួយចំនួន​សិន៖

១. ទីតាំង​ភូមិសាស្ត្រ
ភូមិសាស្ត្រ​នយោបាយ​គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុងការ​ស្នើរ​សុំ​ជា​សមាជិក​របស់​អាស៊ាន។លើ​បញ្ហា​នេះ​សម្រាប់​ទី​ម័​រ​ខាងកើត​មិនមាន​អ្វី​ជា​ឧបសគ្គ​នោះទេ ព្រោះ​រដ្ឋ​នេះ​ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ព្រំប្រទល់​ជាមួយនឹង​ឥណ្ឌូនេស៊ី​ស្រាប់។

២. សមត្ថភាព​សេដ្ឋកិច្ច
គិត​ត្រឹម​ពេលដែល​ទី​ម័​រ​ខាងកើត​ទទួលបាន​ឯករាជ្យ​ពេញលេញ​រយៈពេល១៣ឆ្នាំ​ហើយ​ដែល​ប្រទេស​នេះ​បាន​ព្យាយាម​កសាង​សមត្ថភាព​របស់ខ្លួន​ឡើងវិញ ក្រោយពី​ទទួលរង​នូវ​ការបំពាន​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អាណានិគម។ បើតាម​របាយការណ៍រ​បស់​ADB និង​World Bank ក្នុង​ឆ្នាំ២០១៤កំណើនសេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរកត់សម្គាល់។យ៉ាងណាក៏ដោយ​បើ​ប្រៀបធៀប​ពី​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចុងក្រោយ​របស់​រដ្ឋ​នេះ​យើង​ឃើញថា​ទី​ម័​រ​ខាងកើត​សម្រេចបាន​ត្រឹម១.៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ដែល​តួលេខ​នេះ​ទាប​ជាង​ប្រទេស​អាស៊ាន​ចាស់​ច្រើនដង​ណាស់។ ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​អាចជា​ឧបសគ្គ​ក្នុងការ​សុំចូល​ជា​សមាជិក​និង​ជាពិសេស​នោះ​អាស៊ាន​កំពុងតែ​ឆ្ពោះទៅកាន់​សមាហរណកម្ម​សេដ្ឋកិច្ច​ស្រាប់​ផងដែរ​នោះ។

៣. បញ្ហា​សន្តិសុខ
ក្រៅពី​កត្តាសេដ្ឋកិច្ច​សន្តិសុខ​ទាំង​ក្នុង​និង​ក្រៅប្រទេស​របស់​ទី​ម័​រ​ខាងកើត​បាន​ក្លាយជា​បញ្ហា​មួយ​ដែល​អាស៊ាន​ផ្តោតអារម្មណ៍​ខ្លាំង។គេ​វាយតម្លៃថា សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​នេះ ហាក់ដូចជា​មិនទាន់​រឹងមាំ​នៅឡើយ​នោះទេ​មកទល់​បច្ចុប្បន្ន។សម្រាប់​បញ្ហា​សន្តិសុខ​ខាងក្រៅ​វិញ​គេ​ឃើញថា​ទី​ម័​រ​ខាងកើត​ងាយ​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​សំណាក់​ប្រទេសជិតខាង​ដែលមាន​ចិន​និង​ឥណ្ឌា​ដែល​សុទ្ធតែជា​រដ្ឋ​មហាអំណាច​នុយក្លេអ៊ែរ​នោះ។ដូច្នេះ​បើ​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​នោះ​នឹង​នាំយក​នូវ​បញ្ហា​ប្រឈម​ច្រើន​បន្ថែមទៀត​ឲ្យ​អាស៊ាន​ទាំងមូល។

៤. គោលការណ៍​ឯក​ច្ឆ័​ន
ជាគោលការណ៍​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន​រដ្ឋ​នោះ​ត្រូវ​ឆ្លងកាត់​ការសម្រេច​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​ពី​សំណាក់​សមាជិក​អាស៊ាន​ទាំង​ដប់​ជាមុនសិន។ជុំវិញ​បញ្ហា​នេះ​រដ្ឋ​អាស៊ាន​ភាគច្រើន​រួមមាន​កម្ពុជា ​ម៉ាឡេស៊ី​ ប្រ៊ុយណេ​ ថៃ ​ហ្វីលីពីន​ មី​យ៉ាន់​ម៉ា ​និង​ឥណ្ឌូនេស៊ី​ធ្លាប់បាន​ប្រកាស​គោលជំហ​ក្នុងការ​គាំទ្រ​រួចរាល់​ទៅហើយ។ក៏ប៉ុន្តែ​អ្វី​គួរកត់សម្គាល់​និង​ជា​បទពិសោធន៍​ចាស់​ក្នុង​ឆ្នាំ២០១១សិង្ហ​បុរី​ដែលជា​ស្ថាបនិក​របស់​អាស៊ាន​និង​ជា​រដ្ឋ​មួយ​ដែលមាន​ស្ថានភាព​សេដ្ឋកិច្ច​ជឿនលឿន​និង​តែងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ​ជា​ចម្បង​នោះបាន​ជំទាស់​ដាច់ខាត​លើ​វត្តមាន​របស់​ទី​ម័​រ​ខាងកើត។មេដឹកនាំ​សិង្ហ​បុរី​បាន​លើកឡើងថា​ទី​ម័​រ​ខាងកើត​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ទទួលយក​គោលការណ៍​ដែល​អាស៊ាន​កំពុង​អនុវត្ត​នោះទេ៕