គ្មានសិស្សនិស្សិតណា មិនចង់រៀនឱ្យពូកែ និងទទួលបានពិន្ទុល្អនោះទេ។ ពួកគេម្នាក់ៗដឹងច្បាស់ណាស់ថា ជីវិតជាសិស្សនិស្សិតត្រូវតែបំពេញតួនាទីជាអ្នកសិក្សារៀនសូត្រ ប៉ុន្តែ សិស្សនិស្សិតមួយចំនួនធំ បានថ្លែងដាក់គ្នាថា រៀនមិនចូល មិនចង់អានសៀវភៅ មិនហ៊ានសួរគ្រូ និងអ្នកខ្លះទៀត ខំរៀនដែរតែនៅតែមិនចេះ មិនចាំដដែល។ ល។ ដើម្បីដោះស្រាយកង្វល់ទាំងនេះ សិស្សនិស្សិតគួរតែអនុវត្តន៍តាមគន្លឹះជោគជ័យរបស់សិស្សពូកែ ដូចខាងក្រោម៖
១. ដាក់ការសិក្សាជាចំណុចអាទិភាព៖ សិស្សដែលជោគជ័យគេតែងតែកត់ត្រាក្នុងចិត្តថា ការសិក្សា អានសៀវភៅ ធ្វើលំហាត់ ធ្វើកិច្ចការសាលា គឺជាអាទិភាពទីមួយ។
២. គោរពពេលវេលា៖ អ្នកមានវិជ្ជាជ្រៅជ្រះបាននិយាយថា «ការបង្ហាញខ្លួន គឺជាផ្នែកមួយនាំការច្បាំង» ប្រសិនបើអ្នកមិនអាចប្ដេជ្ញាចិត្ត ដើម្បីបង្ហាញ និងមិនគោរពពេលវេលាឱ្យបានទៀងទាត់ទេ នោះអ្នកនឹងមិនអាចក្លាយជាអ្នកសិក្សារៀនសូត្របានទេ។
៣. ធ្វើកិច្ចការដោយសុចរិត និងឥតលាក់លាម៖ អ្នកត្រូវធ្វើកិច្ចការដោយប្រើសមត្ថភាពរបស់ខ្លួន គឺជៀសវាងលួចចម្លងតាមអ្នកដទៃ។ ការលួចនូវគំនិតអ្នកដទៃ មិនអាចជួយអ្នកឱ្យសម្រេចបានជោគជ័យនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកបាត់បង់តម្លៃក្នុងនាមជាអ្នកសិក្សា ជាពិសេស ធ្វើឲ្យអ្នកមិនមានមូនដ្ឋានចំណេះដឹងផ្ទាល់ខ្លួន។
៤. យកចិត្តទុកដាក់ និងមករៀនជាប្រចាំ៖ នៅពេលដែលអ្នកមករៀនទៀងទាត់ អ្នកអាចជជែកពិភាក្សាជាមួយមិត្តភក្តិ ជាពិសេសអ្នកអាចស្ដាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ។ វិធីនេះជួយឲ្យខួរក្បាលរបស់អ្នកបើកទទួលយកអ្វីដែលថ្មី។ បន្ថែមពីនេះ អ្នកត្រូវយកចិត្តទុកដាក់រៀនសូត្រ ប្រសិនបើអ្នកចំណាយពេល១ម៉ោង ដើម្បីរៀនមេរៀនមួយ អ្នកគួរតែចំណាយពេល១០ទៅ១៥នាទី ដើម្បីអនុវត្តន៍ និងរម្លឹកមេរៀននោះឡើងវិញ។
៥. កុំយកខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃ៖ សិស្សជោគជ័យ គឺជោគជ័យទៅលើអ្វីដែលគេបានកំណត់ គេមិនខ្វល់ថា មនុស្សនៅជុំវិញខ្លួន ឬមិត្តភក្តិរបស់គេធ្វើអ្វីនៅសាលាទេ ពីព្រោះគេដឹងនូវចំណុចចុងក្រោយដែលគេចង់ទៅដល់រួចទៅហើយ។
៦. កត់ត្រា និងសួរសំណួរ៖ ការកត់ត្រា គឺជាជំហ៊ានមួយដែលជួយឲ្យសិស្សអាចសរសេរអ្វីដែលជាគំនិតរបស់ខ្លួន ទៅលើអ្វីដែលគេយល់ឃើញ ផ្សារភ្ជាប់ជាមួយអ្វីដែលសៀវភៅបានសរសេរ និងគ្រូពន្យល់។ អ្នកក៏អាចរៀបចំជាកម្រងសំណួរខ្លីៗទៅលើមេរៀនដែលអ្នកបានសិក្សារួច ហើយរៀនឆ្លើយដោយខ្លួនឯង បើមិនអាចឆ្លើយដោយខ្លួនឯងបាន អ្នកអាចយកសំណួរទាំងនោះទៅសួរគ្រូបន្ថែមទៀត។ ប្រការនេះអាចជួយឲ្យអ្នកមានជំនាញមួយទៀត គឺក្បួននៅក្នុងការស្រាវជ្រាវតាមរយៈកម្រង់សំណួរ។
៧. ចូលរួមសកម្មភាពក្នុងថ្នាក់៖ អ្នកក៏មិនត្រឹមតែសួរសំណួរនោះទេ តែអ្នកត្រូវចូលរួមនៅក្នុងការសួរឆ្លើយជាមួយនឹងគ្រូ និងមិត្តភក្តិនៅក្នុងថ្នាក់របស់អ្នក ជាពិសេសនៅក្នុងសកម្មភាពជជែកពិភាក្សាក្រុមជាដើម។ ការចូលរួមបែបនេះជួយឲ្យខួរក្បាលរបស់អ្នកចាប់ផ្ដើមមានដំណើរការ ពេលនោះវាកាន់តែបង្កើនល្បឿននៃការគិតរបស់អ្នក។
៨. បង្កើតទំនាក់ទំនងជាមួយគ្រូ៖ ការធ្វើបែបនេះធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនមានភាពភ័យខ្លាច នៅក្នុងការបញ្ចេញមតិយោបល់ ឬគំនិតនានា។ មួយវិញទៀត នៅពេលដែលគ្រូ ស្រឡាញ់និងចូលចិត្តអ្នក ពួកគាត់នឹងជួយអ្នកក្នុងការបង្ហាញនូវចម្លើយ ឬផ្ដល់នៅការពន្យល់ណែនាំ ឬក៏អាចថាបង្ហាញអ្នកពីវិធីសាស្ត្រនានានៅក្នុងការសិក្សា។ កុំបារម្ភពីអ្នកដទៃថា អ្នកមានទំនាក់ទំនងបែបណាជាមួយគ្រូរបស់អ្នក តែអ្នកត្រូវចាំថា បេសកម្មរបស់អ្នក គឺត្រូវធ្វើយ៉ាងណាដើម្បីក្លាយជាសិស្សដែលជោគជ័យ។
៩. ប្រសិនបើអាច អ្នកត្រូវអង្គុយជិតគ្រូ៖ ការអង្គុយជិតគ្រូ ជាសភាពបែបចិត្តសាស្ត្រមួយដែលជួយឲ្យអ្នកកាន់តែយកចិត្តទុកដាក់ខ្ពស់ចំពោះមេរៀន និងការពន្យល់របស់គ្រូ។
១០. ស្វែងរកវិធីសាស្ត្រនានាដើម្បីធ្វើជាក្បួនក្នុងការសិក្សា៖ មនុស្សម្នាក់មានវិធីសម្រាប់ខ្លួនឯងរៀងៗខ្លួន ហេតុនេះអ្នកត្រូវតែស្វែងរកឲ្យឃើញពីចំណុចពិសេសរបស់ខ្លួន ថាតើអ្នកជាប្រភេទសិស្សដែលចូលចិត្តរៀនបែបណា? រៀនបែបណាទើបធ្វើឲ្យអ្នកឆាប់ចាំ ឆាប់យល់ពីមេរៀនដែលអ្នកបានរៀនរួច និងកំពុងរៀន។ នេះមានន័យថា ការសិក្សាពីខ្លួនឯង ដើម្បីរកឲ្យឃើញនូវអំណោយទានពីធម្មជាតិរបស់អ្នក។
១១. ផ្ចង់អារម្មណ៍ឲ្យមូល៖ មុនពេលចាប់ផ្ដើមចូលរៀន ឬពេលកំពុងរៀនអ្នកត្រូវរៀបចំរបស់របរណាដែលធ្វើឲ្យរំខានដល់អារម្មណ៍របស់អ្នក ដូចជា៖ សំឡេងទូរសព្ទរោទ៍ ការបើហ្វេសបុកជាដើម។
១២. ការសិក្សាជាក្រុម៖ ការរៀនតែម្នាក់ឯងវាពិតជាមិនអាចជួយឲ្យអ្នកមានគំនិតបានទូលំទូលាយបានទេ។ តែការសិក្សាជាក្រុម គឺជាវិភាគទានមួយដ៏សំខាន់ក្នុងការជួយជំរុញ ឲ្យការគិតរបស់អ្នកកាន់តែមានប្រភពច្រើនក្នុងការស្វែងរកចំណុចដែលល្អ និងត្រឹមត្រូវ។
១៣. បង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ៖ ប្រសិនបើអ្នករៀនរហូតដោយមិនព្រមឲ្យខួរក្បាលរបស់អ្នកទទួលបានការសម្រាក់ និងទទួលបានការសប្បាយរីករាយ នោះអ្នកនឹងប្រឈមមុខជាមួយនិងជំងឺខូចស្មារតី ឬបញ្ហាខួរក្បាល។ ហេតុនេះអ្នត្រូវតែបំពេញនៅចំណីអារម្មណ៍ខ្លះ ដើម្បីឲ្យខួរក្បាលអ្នកបានសម្រាក់ និងកាត់បន្ថយភាពធុញថប់៕