Tuesday, February 23, 2016

Filled Under:

ប្រធានាធិបតីស៊ីរីកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសភា

លោក Bashar al Assad  ប្រធានាធិបតីស៊ីរីកាលពីថ្ងៃចន្ទបានកំណត់
យកថ្ងៃទី១៣ ខែមេសា សម្រាប់កាលបរិច្ឆេទបោះឆ្នោតសភាក្នុងប្រទេស
ស៊ីរី។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានSANA។

ការបោះឆ្នោតត្រូវបានកំណត់ជាធម្មតាសម្រាប់ការបោះឆ្នោតដែលរៀបចំ ដោយរដ្ឋាភិបាលស៊ីរីនៅរៀងរាល់ ៤ឆ្នាំម្តង។

ការបោះឆ្នោតសភានាពេលចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១២ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការអនុម័តរដ្ឋធម្មនុញ្ញថ្មីក្នុង
ប្រទេស ដែលហែកហួដោយសង្គ្រាម។

សេចក្តីសម្រេចរបស់ប្រធានាធិបតី ក្នុងការរៀបចំការបោះឆ្នោតបាន ធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី និងអាម៉េរិក ព្រមព្រៀងអនុវត្តនូវបទឈប់បាញ់មួយចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ។

បើតាមសេចក្ដីប្រកាសរួមចេញដោយក្រសួងការបរទេសអាម៉េរិក
បានឱ្យដឹងថា ភាគីទាំងឡាយដែលពាក់ព័ន្ធនឹងជំលោះក្នុងប្រទេស ស៊ីរីត្រូវធ្វើការបញ្ជាក់ ពីឆន្ទៈរបស់ពួកគេក្នុងការទទួលយកលក្ខខណ្ឌ
នានាដែលមាន ចែងក្នុងបទឈប់បាញ់ទៅកាន់រុស្ស៊ី ឬអាម៉េរិកយ៉ាង
យូរត្រឹមថ្ងៃទី២៧ ខែកុម្ភៈ វេលាម៉ោង ១២៖០០ ម៉ោងក្នុងទីក្រុង 
Damascus។

ទោះជាយ៉ាងណា បណ្តាញសារព័ត៌មានបានធ្វើការបកស្រាយថា សេចក្ដីសម្រេចរៀបចំការបោះឆ្នោតសភា ជាភស្តុតាងបង្ហាញថា 
ទីក្រុង Damascus នៅតែមានការសម្រេចប្រកបដោយឯករាជ្យភាព
របស់ខ្លួន និងថា រដ្ឋាភិបាលស៊ីរីមិនបានពឹងផ្អែកចំពោះការចរចាដែល បានធ្វើឡើងនៅក្រៅប្រទេសស៊ីរីប៉ុន្មានទេ៕